Press "Enter" to skip to content

លិខិតមានន័យដល់ក្រុមគ្រួសារនិងមិត្តភក្តិជាទីស្នេហានៅកម្ពុជា៖ COVID-19

ក្រុមគ្រួសារ និងមិត្តភក្តិជាទីស្រលាញ់

វេលានេះ ទីក្រុងសំខាន់ៗមួយចំនួននៅសហរដ្ឋអាមេរិកចាប់ផ្តើមធ្វើការហាមឃាត់ពលរដ្ឋមិនឲ្យចេញពីផ្ទះដើម្បីទប់ស្កាត់ការរាលដាលនៃមេរោគ COVID-19 ។ កាលពីថ្ងៃ៤ខែកុម្ភៈ ចំនួនអ្នកផ្ទុកមេរោគនេះនៅអាមេរិកមានតែ១១ករណីប៉ុណ្ណោះ ។ មនុស្សម្នាគិតថាមិនមែនជាបញ្ហាធំដូចនៅចិនទេ ដូច្នេះពួកយើង រួមទាំងខ្ញុំដែរ នៅដើរលេងចេញក្រៅជួបជុំមិត្តភក្តិតាមកម្មវិធីនានាដូចគ្មានរឿងអ្វីកើតឡើងសោះ ។ ត្រឹមតែជាង១ខែប៉ុណ្ណោះ ចំនួនអ្នកឆ្លងមេរោគ COVID-19 ឡើងដល់ជាង៣០០០ករណី ហើយកំពង់បន្តកើនឡើងជារៀងរាល់ថ្ងៃ ។ គ្រិះស្ថានសិក្សា កន្លែងហាត់ប្រាណ និងកន្លែងជួបប្រជុំជាសាធារណៈផ្សេងៗត្រូវបានបិទ ។ ពលរដ្ឋដែលគ្មានតួនាទីចាំបាច់ ត្រូវបានហាមមិនឲ្យចេញពីផ្ទះ ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុស COVID-19 ។

ខ្ញុំចង់ផ្ញើសារនេះជម្រាបបងប្អូនទាំងអស់ឲ្យបានជ្រាបថាស្ថានភាពការរាលដាលនៃវីរុសនេះនឹងបន្តតានតឹងទៅទៀតរហូតមានការដាក់ឲ្យប្រើប្រាស់នូវថ្នាំបង្ការនិងថ្នាំព្យាបាលដែលមានប្រសិទ្ធិភាព ។

រដ្ឋាភិបាល ស្ថាប័នសុខាភិបាល និង ក្រុមគ្រូពេទ្យកំពង់ធ្វើការទាំងថ្ងៃយប់ដើម្បីទប់ស្កាត់ការរាលដាល និងរកថ្នាំបង្ការ/ព្យាបាល។ ស្របពេលដែលពិភពលោកទាំងមូលមិនទាន់មានដំណោះស្រាយវេជ្ជសាស្រ្តណាដែលមានប្រសិទ្ធិភាព យន្តការចំបងដែលយើងជាប្រជាពលរដ្ឋម្នាក់ៗអាចធ្វើបានរួមមាន ៖

១. ការរក្សាអនាម័យ មានការលាងសម្អាតដៃតាមក្បួនណែនាំឲ្យបានយ៉ាងហោច២០វិនាទី មិនយកដៃទៅប៉ះបរិវេណមុខ
២. ការដាក់គម្លាតសង្គម មួយរយៈ បានន័យថាមិនគួរចេញក្រៅផ្ទះដោយមិនចាំបាច់ និងមិនជួបមនុស្សច្រើនដោយមិនចាំបាច់

ការរក្សាអនាម័យមួយមុខមិនគ្រប់គ្រាន់ទេ យើងគួរកាត់បន្ថយការជួបជុំនានាដោយមិនចាំបាច់ ដែលធ្វើឲ្យហនិភ័យនៃការឆ្លងវីរុស COVID-19 កើនឡើង។

វីរុស COVID-19 អាចសំងំក្នុងខ្លួនមនុស្សបានដល់២សប្តាហ៍ ដោយមិនបង្ករជារោគសញ្ញាអ្វីទាំងអស់ ហើយក្នុងរយៈពេលសំងំនេះអត្រាដែលវីរុសអាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតគឺមានខ្ពស់។ អ្នកផ្ទុកវីរុសនេះភាគច្រើននៅក្មេង ហើយគ្មានរោគសញ្ញា។ ពួកគាត់មិនបានដឹងខ្លួនថាមានផ្ទុកវីរុសនេះទេ ព្រោះពួកគាត់មានសុខភាពល្អធម្មតា ដូច្នេះពួកគាត់ចេញដើរប្រាស្រ័យទាក់ទងក្នុងសង្គមជាធម្មតា។ នេះជាមូលហេតុចម្បងដែលធ្វើឲ្យវីរុស COVID-19 នេះរាលដាលលឿនបំផុត។ ដូច្នេះ ដើម្បីបង្កើនការការពារដល់ខ្លួនយើងនិងមុនស្សជាទីស្រលាញ់ យើងគួរប្រកាន់ខ្ជាប់នូវវិធីសាស្រ្តទាំង២ខាងលើរួមមានការរក្សាអនាម័យ និងរក្សាគម្លាតសង្គម។

ប្រទេសកម្ពុជាមានពលរដ្ឋវ័យចំណាស់ដែលងាយរងគ្រោះនឹងជំងឺនេះរហូតជាង១លានប្រាំសែននាក់ នេះមិនទាន់រាប់បញ្ចូលអ្នកជំងឺផ្សេងទៀតដែលមានជំងឺរុាំរ៉ៃឬធ្ងន់ធ្ងរ ស្រាប់។ ដូច្នេះយើងត្រូវចូលរួមទាំងអស់គ្នាដើម្បីការពារមនុស្សជាទីស្រលាញ់របស់យើង មនុស្សជាតិយើង ប្រព័ន្ធសុខាភិបាលយើង ក៏ដូចជាថែលំនឹងសេដ្ឋកិច្ចយើង។ គ្មានប្រទេសណា និងគ្រូពេទ្យណា អាចផ្តល់សេវាសង្រ្គោះបន្ទាន់កម្រិតធ្ងន់ដល់ប្រជាជនជិត២លាននាក់ដោយគំហុកនុះទេ។

សូមចូលរួមទាំងអស់គ្នាដើម្បីសុខភាព និងស្ថេរភាព៕

Hav Monirath

ពាណិជ្ជកម្ម៖
© MMXIX . ធ្វើនៅកម្ពុជា . ដោយ៖ kokitree